កាលបរិច្ឆេទ: ១០ កញ្ញា ២០២៤ / សុខភាព / Author : ATH Sokren
នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមណ្ឌលសុខភាព ១៥៧៣ កន្លែង ក្នុងនោះ ១៤២០ កន្លែងជាមណ្ឌលសុខភាពរបស់រដ្ឋ និង១៥៣កន្លែងជាគ្លីនិកឯកជន ដែលព្យាបាលអ្នកជំងឺសរុបទាំងអស់ក្នុងមួយឆ្នាំមានចំនួន ១៩.០២២.៤៦៨ នាក់។ នេះជាប្រសាសន៍របស់ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យរបស់ក្រសួងការងារថ្លែងទៅកាន់អ្នកកាសែតខ្មែរថាមស៍។
អ្នកចុះឈ្មោះជាសមាជិកបេឡាជាតិសន្តិសុខសង្គមចំនួន ២លាន ៤ សែន ៥ ម៉ឺននាក់ នៅទូទាំងប្រទេសនឹងអាចពិគ្រោះជំងឺ និងទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាពជាដៃគូ។
សម្រាប់ការធានាសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល បេឡាជាតិក៏បានផ្តល់ទៅលើការចំណាយលើមាតុភាពជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៧០% នៃវិភាគទានប្រចាំថ្ងៃ ក្នុងរយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមផងដែរ។
ក្នុងករណីសមាជិកណាម្នាក់ទទួលរងគ្រោះថ្នាក់ ឬស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារ បេឡាជាតិនឹងផ្តល់សេវាបន្ទាន់ ផ្តល់ការព្យាបាល និងថែទាំផ្តល់ប្រាក់ឧបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍សន្តិសុខសង្គមផ្សេងៗទៀតតាមគោលការណ៍ច្បាប់។
ទន្ទឹមគ្នានេះដែរ ប្រព័ន្ធព័ត៌មានវិទ្យាកំពុងត្រូវបានគេបង្កើតឡើងដើម្បីផ្តល់ទៅមណ្ឌលសុខភាពដែលជាដៃគូនៅថ្នាក់ជាតិ នូវព័ត៌មានទាក់ទងនឹងអ្នកជំងឺ។
ប្រព័ន្ធនេះជួយឱ្យគ្រូពេទ្យនៅតាមមណ្ឌលសុខភាពដៃគូទាំងអស់អាចតាមដានមើលពីសុពលភាពនៃសមាជិកណាមួយរបស់បេឡាជាតិសន្តិសុខសង្គម នៅពេលដែលខ្លួនត្រូវផ្តល់សេវាព្យាបាល។ តាមរយៈប្រព័ន្ធព័ត៌មាននេះដែរ ទិន្នន័យសំខាន់ៗផ្សេងៗទៀតក៏អាចឱ្យគេដាក់បញ្ចូលទៅក្នុងប្រព័ន្ធ ដើម្បីស្នើសុំការទូទាត់ថ្លៃសេវាវេជ្ជសាស្រ្ត៕